នៅវិមានសន្តិភាព

នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

សូមជម្រាបថា ប្រតិភូសង្កេតការណ៍អន្តរជាតិមានចំនួន៨៥នាក់ក្នុងចំណោម​៣៣៤រូបមកពី៦៥ប្រទេស ដែលនឹងត្រូវសង្កេតការណ៍បោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣កក្កដា ស្អែកនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូទាំងអស់ ជាអ្នកសង្កេតការណ៍អន្តរជាតិដែលបានអញ្ជើញមកចូលរួមពិនិត្យ តាមដាននិងសិក្សា ដកយកបទពិសោធន៍ប្រជាធិបតេយ្យនៅកម្ពុជាដែលបង្ហាញអំពីការរីកលូតលាស់នៃ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

អ្នកសង្កេតការណ៍ មកពីប្រទេសមួយចំនួនមានការ​ចាប់អារម្មណ៍ ដូចជា ប្រធានសភាម៉ាឡេស៊ីនៅក្នុងតំណែង ,អតីតនាយករដ្ឋមន្ត្រីស្រីលង្ការ ,អតីតប្រធានសភាប៉ាគីស្ថាន ,គណៈប្រតិភូគណៈកម្មការអចិន្ត្រៃយ៍ ,គណបក្សកុម្មុយនីសចិន ,តំណាងសមាគមសភាមកពីអាហ៊្សែបៃហ្សង់ ,ប្រតិភូមកពីអង្គការហ្រ្វង់កូហ្វូនី ,កូឌីវ័រ ,កូឡំប៊ី ,នីហ្សេរីយ៉ា ,អារ៉ាប់រួមអេមីរ៉ាត់ ,អតីតប្រធានាធិបតី អេក្វាឌ័រ , សមាជិកសភាមកពី​ប្រទេសប៉ាគីស្ថាន , តំណាងអតីតប្រធានសភាមកពីឥណ្ឌូណេស៊ី ,អគ្គលេខាធិការ អាយប៉ា, ហ្វីលីពីន, អង្គការសហប្រតិបត្តិការសៀងហៃ,និងរុស្ស៊ីជាដើម ដែលគណៈប្រតិភូទាំងអស់នេះសុទ្ធ​តែ​បាន​សម្ដែង នូវការចាប់អារម្មណ៍ ចំពោះសភាពការយ៉ាងល្អប្រសើរនៅកម្ពុជា ជាពិសេស​ការរីកចម្រើន នៅកម្ពុជាដោយគណៈប្រតិភូ ខាងលើនេះ មួយចំនួនធ្លាប់បានមកមើលការ​បោះឆ្នោតលើកមុនៗ និងមួយចំនួនទៀតក៏ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីអតីតកាលផងដែរ។ បណ្ដាប្រតិភូទាំងអស់បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងលឿន ទាំងខាងនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ជាពិសេសអគារខ្ពស់ៗ ផ្លូវល្អស្អាត សណ្ដាប់ធ្នាប់ហើយប្រជាជន រស់នៅមានទឹកមុខរីករាយ ដែលបង្ហាញពីការរស់នៅប្រកបដោយជីវភាព កាន់តែល្អប្រសើរជាលំដាប់។

សម្ដេចតេជោ ក៏បានពន្យល់អំពីប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដែលបានប្រព្រឹត្តទៅយ៉ាងទៀង​ទាត់ជារៀងរាល់ប្រាំឆ្នាំម្ដង គឺនៅថ្ងៃអាទិត្យសប្តាហ៍ទី៤នៃខែកក្កដា រៀងរាល់៥ឆ្នាំម្តងជាទៀងទាត់ ដែលនេះបង្ហាញពីប្រទេសមួយ ​ដែលបានបោះឆ្នោតជាទៀងទាត់តាមការកំណត់ ហើយដែល​គណបក្សនយោបាយនានាមានពេលវេលាគ្រប់គ្រាន់ គឺរយៈពេល៥ឆ្នាំសម្រាប់រៀបចំការ​ចូលរួមក្នុងការបោះឆ្នោត។

សម្ដេចតេជោ ក៏បានជម្រាបជូនអំពីការបោះឆ្នោតនៅកម្ពុជាតាមបែបសមាមាត្រនៅតាមខេត្ត ដែលបាន​ចាប់អនុវត្តចាប់តាំងពីមានកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយបទពិសោធន៍នេះ​បានបង្ហាញឱ្យឃើញថា​យើងបាន រារាំងនូវការចូលរួមរបស់ខ្មែរក្រហមប្រសិនបើជាយើងធ្វើការ​បោះឆ្នោត​សមាមាត្រនៅទូទាំងប្រទេស ដែលខ្មែរក្រហមមានអាសនៈក្នុងសភាគឺអង្គការស្របច្បាប់ នោះយើងមិនអាចចាប់កាត់ទោសខ្មែរក្រហមដែលយើងបានធ្វើកន្លងមកនោះបានទេ។ ហើយការអនុវត្តតាមបែបសមាមាត្រនៅតាមខេត្តគឺធ្វើឲ្យ ខ្មែរក្រហមមិនអាចមាន សំឡេងគ្រប់គ្រាន់ ដើម្បីដណ្ដើមកៅអីនៅក្នុងសភា។

សម្ដេចក៏បាន ជម្រាបជូនប្រតិភូអំពីអ្នកបន្តវេនវ័យក្មេង ដែលអនុញ្ញាតឲ្យអ្នកជំនាន់ក្រោយ​ដែល​មានការសិក្សាបានខ្ពង់ខ្ពស់ ទាំងផ្នែកបច្ចេកវិទ្យា ឌីជីថលបានបន្ត ដឹកនាំបន្ទាប់ពីមនុស្សជំនាន់ចាស់ ដែលទាំងអស់នេះគឺជាការត្រៀម ដើម្បីបន្តនិរន្តរភាពទាំងស្ថិរភាព នយោបាយ និងសេដ្ឋកិច្ច​ចៀសវាង ការរំជើបរំជួល ឬសង្គ្រាមដែលនាំឲ្យខូចខាត និងប៉ះពាល់ដល់សេដ្ឋកិច្ចនិង ការអភិវឌ្ឍប្រទេស។

សម្ដេចក៏បានបង្ហើបឱ្យដឹងដែរថា គណៈរដ្ឋមន្ត្រីថ្មីនឹងបង្កើតឡើង មិនដឹងថានៅពេលណា គឺអាស្រ័យ​នៅលើលទ្ធផលឆ្នោត ដែលមានសេនារីយោថាសម្ដេច អាចបន្ត ឬដែលមាន​នាយករដ្ឋមន្ត្រីចាប់ផ្ដើម​ ដែលនេះជាការគិតគូរ​យ៉ាងម៉ត់ចត់របស់សម្ដេច និងគណបក្សប្រជាជនកម្ពុជាដើម្បី រក្សាបាននូវសន្តិភាព ស្ថេរភាព និរន្តរភាព និងការអភិវឌ្ឍដែលមិនមានឧបសគ្គណាដែលបង្កឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។

គណៈប្រតិភូទាំងអស់ក្រោយពីបានស្ដាប់នូវការ​បកស្រាយរបស់សម្ដេច ប្រតិភូទាំង​អស់សុទ្ធតែបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង​ ចំពោះការដឹកនាំប្រទេស​ ដ៏ម៉ឺងម៉ាត់ ម៉ត់ចត់​របស់សម្ដេច ដោយបានប្រែក្លាយពីសង្គ្រាមមកសន្តិភាព ​ពីការបែកបាក់មករួបរួមគ្នាជាធ្លុងមួយ និងបានជូនពរសម្ដេចតេជោ និងប្រជាជនកម្ពុជាឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់ ការបោះឆ្នោតនៅថ្ងៃស្អែកនេះ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed